ក្រោយផ្ទុះសារសំឡេង ទូច ស៊ុននិច ឆ្លើយតប ពេលនេះ ម៉េង កែវពេជ្ជតា បញ្ចេញសារថា «ខ្ញុំមិនដែលផឹកទឹកភ្លេចនឹកប្រភពដើមទេ»

កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមហាជនបានស្តាប់វីដេអូសំឡេងមានរយៈពេលប្រមាណជាង ៣០ នាទីមួយ របស់អតីតតារាចម្រៀងសំនៀងផ្អែម ទូច ស៊ុននិច ដែលបានរៀបរាប់យ៉ាងវែងឆ្ងាយក្នុងន័យឆ្លើយតបទៅកំពូលតារាចម្រៀងរៀមច្បងអ្នកនាង ម៉េង កែវពេជ្ជតា ក្រោយខ្លួនបានឮតារាចម្រៀងរៀមច្បងរូបនេះបាននិយាយពីបញ្ហាខ្លួនក្នុងវីដេអូឡាយមួយថា ខ្លួនច្រៀងបទរបស់គាត់ និង ព្យាយាមធ្វើឱ្យល្បីតាមគាត់ ។

ក្នុងវីដេអូជាសំឡេងនោះ អតីតតារាចម្រៀង ទូច ស៊ុននិច បានសង្កត់ធ្ងន់ថា ដំបូងខ្លួនមិនចង់ធ្វើការតបតអ្វីទេ ប៉ុន្តែដោយសារស្តាប់ទៅហួសហេតុនឹងការអធិប្បាយរបស់រៀមច្បងពេកទើបដាច់ចិត្តចេញវីដេអូជាសំឡេងនេះឡើង ដោយខ្លួនបានរៀបរាប់ និង បកស្រាយយ៉ាងក្បោះក្បាយ មួយៗ ចំៗ ពីដំណើរដើមទងសាច់រឿងទាំងអស់ ក្នុងន័យបង្ហាញឱ្យមហាជន និង រៀមច្បងអ្នកនាង ម៉េង កែវពេជ្ជតា បានយល់ច្បាស់ ថាខ្លួនមិនមែនជាមនុស្សប្រភេទដូចតារាចម្រៀងរៀមច្បងរូបនេះបានគិត និង ចោទខ្លួនកន្លងមកនោះឡើយ ។

នេះជាវីដេអូសំឡេងរបស់អតីតតារាចម្រៀង ទូច ស៊ុននិច បកស្រាយទៅកាន់តារាចម្រៀងរៀមច្បង ម៉េង កែវពេជ្ជតា ៖


យ៉ាងណាមិញ បើងាកមកមើលលើទំព័រហ្វេសប៊ុកផ្លូវការរបស់កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះវិញ គេបានឃើញកំពូលតារាចម្រៀងសំឡេងផ្អែមមុតរូបនេះបានបង្ហោះសារមួយ ដែលសារនោះបានធ្វើឱ្យមហាជនមួយចំនួនយល់ថាកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ទំនងជាបង្ហោះក្នុងន័យវាយបកទៅកាន់អតីតតារាចម្រៀង ទូច ស៊ុននិច វិញ ។ ក្នុងអត្ថន័យសារនោះ កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា «ខ្ញុំមិនដែលផឹកទឹកភ្លេចនឹកប្រភពដើមទេ ។ ការយកបទគេច្រៀង ទោះក្នុងកាលៈទេសៈណា ក៏ត្រូវឆ្លៀតបង្ហាញឈ្មោះម្ចាស់ដើម ។ វាមិនពិបាកធ្វើទេ ។ ទាំងនេះអាចបញ្ជាក់ថា អ្នកជាមនុស្សចេះដឹង មានកត្តញ្ញូ ។ ព្រះមិនជួយមនុស្សរមិលគុណទេ!» ។

ទោះជាមានការយល់ឃើញយ៉ាងនេះក្តី ប៉ុន្តែយ៉ាងណាគេមិនបានដឹងពីចេតនារបស់កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ដែលបង្ហោះសារនោះឡើងចង់ថាឱ្យដល់បុគ្គលរូបណានោះដែរ ប៉ុន្តែសារដែលកំពូលតារាចម្រៀងស្រីរូបនេះលើកឡើង ហាក់ទំនងជាចង់ផ្តល់ដំបូន្មានដល់តារាចម្រៀងទាំងអស់ឱ្យចេះផឹកទឹកសម្លឹងប្រភពដើម ដោយរាល់ការយកបទចម្រៀងមរតកដើម ឬ បទតារាបទចម្រៀងរបស់តារាចម្រៀងរៀមច្បងណាម្នាក់នោះមកបកស្រាយឡើងវិញ ត្រូវបង្ហាញឈ្មោះម្ចាស់សំនៀងដើម ៕

Leave a Reply