លោកជំទាវ ឱ វណ្ណឌីន ថា ករណីកូវីដ ១៩ ពីរនាក់ចុងក្រោយនេះ មិនមែនជារលកទី ២ ទេ

នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នេះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជាថា «ករណីដែលយើងរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ពីរនាក់ជាបុរសមកពីប្រទេសហ្វីលីពីន និង ស្ត្រីមកពីសហរដ្ឋអាមេរិកនេះ គឺមិនមែនជារលកទី ២ នោះទេ គឺជាករណីនាំចូល»

យោងតាមទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិដដែល បានលើកឡើងពីប្រសាសន៍លោកជំទាវទៀតថា «រហូតមកដល់ម៉ោង ៨:00 ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នេះ គឺនៅតែ ១២៤ ករណី ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ គឺសរុបទាំងអស់ទូទាំងប្រទេសគឺ ១២៤នាក់»

គួរឱ្យដឹងថា បុរសមកពីប្រទេសហ្វីលីពីន និង ស្ត្រីមកពីសហរដ្ឋអាមេរិកដែលត្រូវបានរកឃើញ ២ ករណីចុងក្រោយនេះ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយឡែកសម្រាប់អ្នកទាំង ១២២ នាក់ ក្រុមគ្រូពេទ្យជួរមុខកម្ពុជា បានព្យាបាលជាសះស្បើយអស់ហើយ និង គ្មានបាត់បង់ជីវិតឡើយ ៕

Leave a Reply