ភ្ញាក់ផ្អើល តារាចម្រៀង សន ផល្លីកា ជំពាក់លុយគេជិត ១ ម៉ឺនដុល្លារមិនសង ត្រូវម្ចាស់បំណុលបង្ហោះទារគ្មានប្រណី

តារាចម្រៀង សន ផល្លីកា ដែលជាម្ចាស់បទ «ចេះស្រឡាញ់ចេះទឹកភ្នែក» «បេះដូងបែកធ្វេង» និង បទចម្រៀងជាច្រើនទៀត ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ NyNy Kon Mak Pa បង្ហោះជាសាធារណៈលើបណ្ដាញសង្គមហ្វេសប៊ុកទាក់ទងនឹងជំពាក់បំណុលចំនួន ៧ ៨០០ ដុល្លារ ។

គណនីហ្វេសប៊ុកខាងលើ បានបង្ហោះព្រលះចំៗដល់ សន ផល្លីកា ថា «ជំពាក់លុយខ្ញុំ 7 800$ មិនព្រមសងទេ តែមានលុយដើរហើរស៊ីចាយ សប្បាយ ជិះឡានទំនើប ចូលហាងល្បីៗ ប្រើរបស់ប្រេនប្រេន ចំនួនមិនតិចទេអ្នកនាង សន ផល្លីកា (Phalika Phal Ka) អើយ លើកមុនផុសម្ដងហើយអង្វរឱ្យលុបសិនទៅ សន្យាថានឹងសង ពន្យារពេលរាប់ខែ តែដល់ថ្ងៃអត់សង ហៅមកជួបមិនមក បែរជាអាងសង្សារគេនៅខាងព្រហ្មទណ្ឌទៀត ។

នេះហើយមិត្តភក្តល្អ មានមុខមាត់ក្នុងសង្គមណាស់ សុទ្ធតែតារាចម្រៀងក្នុងផលិតកម្មល្បីឈ្មោះមួយដែរ មិនគួរណាលុយខ្ចីគេមិនព្រមសងបែបនេះទេ ។ ដឹងស្រាប់ហើយលុយខ្ញុំខ្ចីពីគេមកដែរ ខ្ញុំបង់ការគេ ខ្ញុំស៊ីអត់ស៊ីឃ្លានវេទនាដោយសារអ្នក តែលូវអ្នកបែររកលេសមិនចង់សង ហើយគំរាមចង់ប្ដឹងបកមកវិញទៀត»

ក្រោយរៀបរាប់បែបនេះ គណនីហ្វេសប៊ុកឈ្មោះ NyNy Kon Mak Pa ក៏បានប្រកាសស្វែងរកអាស្រ័យដ្ឋានតារាចម្រៀង សន ផល្លីកា ដើម្បីដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ ៕

Leave a Reply