ភ្នំ​ខ្នង​ផ្សា ​ជា​គោល​ដៅ​ទេសច​រណ៍​ផ្សង​ព្រេង​ទាក់​ទាញ​ថ្មី​នៃ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ….

ភ្នំខ្នងផ្សា គឺជាគោលដៅទេសចរណ៍ផ្សងព្រេងទាក់ទាញថ្មីមួយស្ថិតលើទីតាំងប្រសព្វមុំបីនៃជួរភ្នំក្រវ៉ាញ ដែលផ្សាភ្ជាប់រវាងខេត្តកោះកុង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដែលមានប្រភពជីវៈជម្រុះជាច្រើនដូចជា ព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសត្វព្រៃកម្រជាច្រើនប្រភេទ។

លោក ម៉េង បញ្ញា ជាអ្នកទេសចរបែបផ្សងព្រេងឡើងភ្នំខ្នងផ្សា បានបញ្ជាក់ប្រាប់សារព័ត៌មានខ្មែរណាស់ថា បើយើងធ្វើដំណើរតាមរយៈគោយន្ត ឬដោយថ្មើរជើងពីជើងភ្នំខ្នងផ្សា ដល់កំពូលភ្នំ មានចម្ងាយប្រមាណជាង១០ គីឡូម៉ែត្រ ត្រូវប្រើរយៈពេលចន្លោះពី ៨ ទៅ១០ម៉ោង។

លោក បានឲ្យដឹងទៀតថា ត្បិតតែការឡើងភ្នំមានឧបសគ្គ និងចំណាយពេលវេលាយូរ ប៉ុន្តែភ្នំខ្នងផ្សានេះ នៅតែមានភ្ញៀវឡើងទៅកន្សាន្តជាច្រើនរៀងរាល់ថ្ងៃ។ លោកបញ្ជាក់ដូច្នេះថា៖«ត្រឹមរយៈពេល ២ថ្ងៃខ្ញុំសង្កេតឃើញថាមានមនុស្សប្រមាណ១៥០ ទៅ២០០នាក់ឡើងទៅសម្រាកបោះតង់នៅលើខ្នងភ្នំមួយនេះ»។

លោក បញ្ញា បានចែករំលែកបទពិសោធន៍ដូច្នេះថា៖«ដើម្បីឲ្យមានសុវត្ថិភាពក្នុងការឡើងភ្នំពេញ យើងត្រូវទាក់ទងខាងសហគមន៍ទេសចរណ៍ ឬទីស្នាក់ការបរិស្ថានខ្នងផ្សាជាមុនសិន ដើម្បីទទួលបានសេវាភូមិសាស្រ្តនាំផ្លូវ និងការទទួលខុសត្រូវលើការការពារ»។ ហើយការសម្រាកនៅលើភ្នំយើងគួរត្រៀមអាវ ឬភួយក្រាស់ៗ និងតង់ដែលមានដំបូល ឬប្លាស្ទីកគ្របដើម្បីការពារជ្រាបទឹកភ្លៀង ឬសន្សើម ព្រោះនៅពេលយប់គឺត្រជាក់ខ្លាំង។

អ្នកទេសចររូបនេះរៀបរាបថា នៅលើភ្នំខ្នងផ្សាមានទេសភាពស្រស់ស្អាតជាច្រើនដូចជា វាលស្មៅ ដើមស្រល់ និងជ្រលង់ភ្នំខ្ពស់ៗ ជាពិសេសជ្រោះពពកនៅពេលព្រឹកមានពពកធ្លាក់ចុះយ៉ាងច្រើនប្រៀបដូចជា ឋានសួគ៌អ៊ីចឹង។

ទន្ទឹមនឹងនេះ លោក ម៉េង បញ្ញា ស្នើដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលឡើងទៅកម្សាន្តលើភ្នំខ្នងផ្សា ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ដើម្បីសោភ័ណភាព និងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកផង។

បើតាមមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដើម្បីទៅដល់ភ្នំខ្នងផ្សា ឬហៅថា ភ្នំឋានសួគ៌ដ៏ពិសេសនេះ យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ហើយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រ បន្ទាប់មកបត់ស្ដាំតាមស្តុបស្ថានីយ៍សាំងតេលាក្រុងច្បារមន ប្រមាណ១គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេង ដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។

បន្ទាប់មក បត់ចូលច្រកឱរ៉ាល់ តាមផ្លូវលេខ៤៤ ប្រហែល ៥០គីឡូម៉ែត្រ ដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខតាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់តំបន់ តេទឹកពុះ យើងនឹងទៅដល់តំបន់រលាក់កងជើង ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាភូមិចំណុះឲ្យភ្នំខ្នងផ្សា៕

Leave a Reply