តារា​ចម្រៀង សែម សង្វាត លើកដៃ​សំពះ​អង្វរ​បងប្អូន​ជួយ​ទិញ​ផ្លែឈើ​ខ្លួន​ ដើម្បី​ដោះស្រាយ​ជីវភាព…

ភ្នំពេញ ​៖​ តារា​ចម្រៀង សែម សង្វាត ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ឆ្នាំ ២០០១ នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ និង​អតីត​សមាជិក​ក្រុម ក្រុម EV Band ជាមួយ​នឹង​អ្នកនាង​យក់ ថិ​ត​រដ្ឋា និង​ឱក សុគន្ធ​កញ្ញា នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​លើកដៃ​សំពះ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទិញ​ផ្លែឈើ​របស់ខ្លួន​ដើម្បី​ដោះស្រាយ​ជីវភាព។

បង្ហោះ​វីដេអូ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក, ​ តារា​ចម្រៀង​បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយ​រយៈ​រូប​នេះ បាន​លើក​ឡើង​ថា «​ជម្រាបសួរ​បងប្អូន ប្រិយមិត្ត​ហ្វេ​នៗ​ទាំងអស់ បងប្អូន ដែល​និយម​គាំទ្រ​ដល់​ខ្ញុំបាទ សែម សង្វាត ក៏ដូចជា អ្នក​ដែល​នៅក្នុង​ប្រទេសក្រៅ​ប្រទេស​ទាំង​អស់ ថ្ងៃនេះ​បើ​អាណិត​ស្រឡាញ់​ខ្ញុំបាទ ក៏​សូម​ជួយ​ទិញ​នូវ​ផ្លែឈើ​ដែល​ខ្ញុំបាទ បាន កុម្ម៉ង់ យកមក»។

តារាចម្រៀង​ធ្លាក់ខ្លួន​ស្គមស្គាំង​រូបនេះ បន្តថា «​ហើយ​គិត​ថា​លក់​ដើម្បី​ដោះស្រាយ​ជីវភាព ព្រោះ​រាល់ថ្ងៃ ច្រៀង​ក៏​អត់​មាន​កម្មវិធី​អី​ច្រៀង​ច្រើន​ដែរ ដោយសារ​Affair​ក៏​ផ្ដាច់​អស់ហើយ គឺ​កូ​វីដ​ហ្នឹង​គឺ​ខ្ញុំ​អត់​មាន ហើយ​ទាក់ទង​នឹង​ការងារ​ច្រៀង​នៅ​ខាងក្រៅ ក៏​ដូច​រោងការ​សឹងតែ​មិន​មាន​សោះតែ​ម្ដង មាន​តិចតួច​បំផុត មានតែ​ការ​ឡាយ​លក់​ផ្លែឈើ​…»​។​

លោក​បន្តថា ផ្លែឈើ​មង្ឃុត​នេះ ឆ្ងាញ់​មែនទែន ដោយ​លោក​យកមក​ពី​ខេត្តកំពង់ចាម ចំណែក​សាវម៉ាវ​ក៏​សាច់​ស្រួយ​ឆ្ងាញ់ ហើយ​យកមក​ពី​ខេត្តកំពង់ចាម​ដូចគ្នា ក្នុងនោះ​លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទិញ​ផង ដើម្បី​យក​មក​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។

ជាមួយ​គ្នា​នោះ ​តារា​ចម្រៀង​ធ្លាប់​មាន​ឈ្មោះ​ល្បី​​​រូប​នេះ​ ក៏​បាន​សរសេរ​សារ​​អំពាវនាវ​នៅ​លើ​រូបភាព ​និង​វីដេអូ​នោះ ​​​ដូច្នេះ​ថា «សូម​បងប្អូន​ហ្វេ​នៗ ក៏​ដូចជា​បងប្អូន​ប្រិយមិត្ត​ទាំងអស់​ដែល​ចូលចិត្ត​អាណិត​ស្រលាញ់​ដល់​ខ្ញុំបាទ​មេត្តាជួយ​ទិញ​ផ្លែ​ឈើ​មង្ឃុត​ សាវម៉ាវ ទុរេន​ ដែល​ខ្ញុំបាទ​បាន​កុម្ម៉ង់​យកមក​លក់។

អស់លោក​លោកស្រី​សូមជួយ​កុម្ម៉ង់​ផ្លែ​​ឈើ ​ដែល​ខ្ញុំបាទ​យកមក​ពី​កំពង់ចាម​ផ្ទាល់ របស់​ធម្មជាតិ​មិន​មាន​គីមី ធានា​ញុំា​ ហើយ​ឱជា​រស់​ជាប់ចិត្ត ជួយ​កុម្ម៉ង់​ទិញ​ផ្លែ​​ឈើ​ខ្ញុំបាទ​ ក៏​ដូចជា​បាន​ជួយ​ដល់​ខ្ញុំបាទ​ដោះស្រាយ​ជីវភាព អាច​ទំនាក់ទំនង​Tell. 011663008/093591860»៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖


សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖

Leave a Reply