អុញនោះ ! សម្តេច នន្ទ ង៉ែត ឲ្យអាជ្ញាធរចាត់វិធានការទៅលើ ព្រះតេជគុណ ឡុង ចន្ថា ឲ្យមកផ្សឹកតាមកិច្ចសន្យាដែលលោកបានធ្វើ

(ភ្នំពេញ)៖ សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលលោកបានធ្វើ។

នៅក្នុងសង្ឃលិខិតប្រគេនទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេច នន្ទ ង៉ែត បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យាក្នុងការលាចាកសិក្ខាបទ ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យនាពេលកន្លងទៅ។

សម្តេចព្រះសង្ឃនាយក បានចាត់ទុកការមិនធ្វើតាមសន្យារបស់ព្រះតេជគុណ ឡុង ចន្ថា ជាកាយវិការមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិកាប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងព្រះពុទ្ធសាសនាបន្តទៀតបានឡើយ។

សូមបញ្ជាក់ថា ព្រះតេជគុណ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ធ្លាប់បានសន្យានៅជំពោះព្រះភក្ត្រមន្ត្រីសង្ឃក្នុងខេត្តតាកែវ ថានឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនារីភេទក្នុងទំនាក់ទំនងស្នេហា។

តែថ្ងៃទី១៤ ខែឧសភា ដែលជាថ្ងៃសន្យានោះ ព្រះតេជគុណ ឡុង ចន្ថា បែរជាបង្ហោះសារថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយព្រះពុទ្ធសាសនា ហើយក៏មិនបានលាចាកសិក្ខាបទនោះដែរ។ មិនត្រឹមតែមិនបានលាចាកសិក្ខាបទនោះទេ ព្រះអង្គក៏បាននិមន្តចេញពីវត្ត ហើយគេចព្រះកាយបាត់មកដល់បច្ចុប្បន្ន៕ Fresh News

Leave a Reply