ចំណាំទុក ៧ កន្លែងនៅកោះកុងកំពុងល្បីខ្លាំង សម្រស់ធម្មជាតិពិតៗ រំសាយអស់ទុក្ខកង្វល់ថ្ងៃឈប់សម្រាក

ខេត្តកោះកុងដែលត្រូវបានគេស្គាល់ថាជាខេត្តនៃតំបន់មាត់សមុទ្រមួយនៃព្រះរាជាណាចក្រកម្ពុជា កំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសម្រស់ពីធម្មជាតិនៃរមណីដ្ឋានជាច្រើនមានទាំងឆ្នេរសមុទ្រ កោះ ទឹកធ្លាក់ ព្រមទាំង ព្រៃភ្នំផងដែរ ។ ខាងក្រោមនេះជាកន្លែងទាំង៧នៅកោះកុងដែលកំពុងល្បីខ្លាំង ជាមួយសម្រស់ធម្មជាតិពិតៗ បើបានទៅលេងហើយពិតជារំសាយអស់ទុក្ខកង្វល់នាថ្ងៃឈប់សម្រាក ។

១. ឆ្នេរនេសាទ៖ ឆ្នេរនេះមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាស និង មុជទឹកកម្សាន្តរីករាយ ដែលមានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល ១៦៥ គីឡូម៉ែត្រ និងប្រហែល ១៧០ គ.ម ពីរាជធានីភ្នំពេញ ។

២. កោះស្តេច៖ កោះស្ដេច គឺជា កោះធម្មជាតិមួយ ឋិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ។កោះស្ដេចមានទីតាំងស្ថិតនៅឈូងសមុទ្រថៃចម្ងាយប្រហែល ១.៥ គីឡូម៉ែត្រពីឆ្នេរឧទ្យានជាតិបុទុមសាគរនៅក្នុងស្រុកគិរីសាគរ ។

៣. ជីផាត៖ សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត ស្ថិត​នៅ​ចំ​កណ្ដាល​ព្រៃ​ស្រោង​នៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ។ គេ​អាច​ទៅ​តំបន់​នោះ​បាន​ដោយ​ចេញ​ពី​ចំណុច​អណ្ដូង​ទឹក ក្នុង​ស្រុក​ស្រែ​អំបិល តាម​ផ្លូវ​លំ កាត់​ព្រៃ​ចម្ងាយ​ប្រហែល ១៧​ គីឡូ​ម៉ែត្រ ឬ​ក៏​ជិះ​ទូក​តាម​ព្រែក​ចម្ងាយ ២៥​ គីឡូ​ម៉ែត្រ ដោយ​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង ទើប​ទៅ​ដល់​តំបន់​នោះ ។

៤. ទឹកធ្លាក់តាតៃ៖ ទឹកធ្លាក់តាតៃ គឺមានតំបន់ រមនីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ស្ថិត នៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ​ ខេត្តកោះកុង ។ ចំងាយប្រហែល ២០​ គីឡូម៉ែត​ ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ ៤៨ ។

៥. កោះកុងក្រៅ៖ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និង កម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត ០៥ កន្លែង ។

៦. ខ្នងផ្សារ៖ ភ្នំខ្នងផ្សារ មាន​ទីតាំងក្នុង​ស្រុកថ្មបាំង​ខេត្តកោះកុង តំបន់ជួរភ្នំក្រវាញ់កណ្ដាល ។ វាជាតំបន់ភ្នំដែលមានព្រៃឈើហ៊ុមព័ទ្ធជុំវិញក្រាស់ឃ្មឹក ពណ៌បៃតងខ្ចីចាស់ បង្កើតបានជាទេសភាពយ៉ាងប្រណីត ។

៧. ពាមក្រសោប៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ ។ ទីនេះជាតំបន់ព្រៃកោងកាង ដែលមានទេសភាព និង ពោពេញដោយជីវៈជម្រុះដ៏ទាក់ទាញបំផុត ៕

Leave a Reply