សម្ដេច ស ខេង ៖ និន្នាការដ៏ល្អចំពោះការរឹតបន្តឹងច្បាប់ចរារចរណ៍ មានការថយចុះ ក្រោយពីរឹតបន្ដឹងច្បាប់ចរាចរណ៍បាន ១៤ថ្ងៃ…

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេល២សប្តាហ៍មកនេះ សមត្ថកិច្ចបានធ្វើការផាកពិន័យទៅយានយន្តចំនួន ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង ចាប់ពីថ្ងៃទី១-១៤ ខែឧសភា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍មានការ ថយចុះ បន្ទាប់ពី រឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានដើម្បី បង្ហាញលទ្ធផលយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការបង្កើននូវទឹកប្រាក់ផាកពិន័យ បន្ទាប់ពីការអនុវត្តបាន២សប្ដាហ៍កន្លងមក។

អគ្គស្នងការរងនគរបាលជាតិបានបន្តអោយដឹងទៀតថា រយៈពេល១៤ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់៤៨នាក់ និងរបួស១២២នាក់។ សម្រាប់ថ្ងៃទី១៤ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន១០១២គ្រឿង ក្នុងនោះម៉ូតូមាន ៦៦៩គ្រឿង និងរថយន្ត ៤៤៣គ្រឿង។

សម្ដេច ស ខេង បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ថា «ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពី លទ្ធផល ជាវិជ្ជមាន ប្រកបដោយនិន្នាការដ៏ល្អចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក ដែលធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ២សប្តាហ៍ ក្នុងខែឧសភាឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់ បើប្រៀបធៀប នឹងពេលមុនមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ»។

សម្ដេចបន្ដថា ទិន្នន័យជាផ្លូវការបានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុង រយៈពេល១៤ ថ្ងៃគឺតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បើប្រៀបធៀប ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ដូចគ្នាគឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់និងអ្នកស្លាប់ថយចុះ៤នាក់ ។

សម្ដេចបន្ថែមថា ចំនួននេះបើប្រៀបធៀបពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩វិញ មានការថយចុះកាន់តែច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក អ្នករងរបួសថយ ចុះ៩១ នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ ដែលនេះគឺបានបង្ហាញយ៉ាង ច្បាស់ថាប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ ចរាចរណ៍កាន់តែច្រើន ។

សម្ដេចបន្ថែមថា «ជាថ្មីម្តងទៀតខ្ញុំសូម ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបាន អនុវត្តភារកិច្ច របស់ខ្លួនបានល្អប្រសើរ»៕

Leave a Reply