ព្រឺសម្បរ! ប្រទះឃើញសំណង់ឈើបុរាណ អាយុកាលជិត ១ពាន់ឆ្នាំកប់ក្រោមបាតស្រះអង្គរ បង្កប់អាថ៌កំបាំងដ៏អស្ចារ្យ

ពិតជាមានការភ្ញាក់ផ្អើល និងគួរឱ្យរីរាយក្រៃលែងដែលអស្ចារ្យ អាជ្ញាធរជាតិអប្សរា បានរកឃើញរចនាសម្ព័ន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មញសាសនា១អង្គ ក្នុងការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។

ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរ ដែលបានរកឃើញសំណង់ឈើ និង បដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី ១២ មកដល់សព្វថ្ងៃ ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងតាមរយ:ព័ត៌មានផ្លូវការរបស់អាជ្ញាធរអប្បរាថា រចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះស្ថិតនៅចំកណ្តាលនៃស្រះ ដែលមានអាយុកាលជិត ១០០០ ឆ្នាំហើយ តែនៅមានទ្រង់ទ្រាយល្អដូចដើម

និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិ និងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ដែលបានរៀបចំយ៉ាងស្អាតប្រកបដោយគំនិតសិល្បៈ លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមានៃព្រហ្មញសាសានា១អង្គផង ។

បដិមានេះជាទេពតំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម ។ ការដែលបញ្ចុះទេពលាយជាមួយដូច្នេះ គឺបង្ហាញពីការគោរពតាមជំនឿដើម្បីជាទីពឹងពាក់របស់មនុស្ សនិងដើម្បីឱ្យទីនេះក្លាយជាទីទុកចិត្ត ក្លាយជាទឹកពិសិដ្ឋ សម្រាប់ប្រោះព្រំអ្នកផងមកសំពះព្រះពិស្ណុលោក។

ការរកឃើញថ្មីនេះ ជាប្រវត្តិសាស្ត្រនៃការស្រាវជ្រាវដំបូងហើយដែលបានប្រទះឃើញនូវសំណង់ឈើមានស្នាដៃល្អស្អាតនិងព្រះមួយអង្គនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ នេះក៏ជាភស្តុតាងវិទ្យាសាស្រ្តស្រាវជ្រាវបែបបុរាណវិទ្យា ដែលបានបំពេញបន្ថែមទៅលើព័ត៌មានកន្លងមកដែលយើងពឹងផ្អែកការសិក្សាស្រាវជ្រាវលើសិលាចារឹក បដិមាសាស្រ្ត ប្រវត្តិសិល្បៈ ។ ល ។

កំណាយស្រាវជ្រាវនេះ បង្ហាញនូវអាថ៌កំបាំងយ៉ាងធំមួយទាក់ទងនឹងប្រវត្តិនៃការកសាងស្រះទឹក សំណង់ប្រាសាទអង្គរវត្ត បរិស្ថានធម្មជាតិ និងការរស់នៅរបស់មនុស្ស ដែលបង្ហាញឱ្យដឹងថា អង្គរមិនមានការបោះបង់ចោលនោះទេ គឺមានមនុស្សមករស់នៅទីនេះមិនដាច់តាំងពីសម័យកសាងរហូតដល់សម័យទំនើប។

លោក អ៊ឹម សុខរិទ្ធីបន្ថែមថា ដំណាក់កាលដំបូងនេះ យើងមិនទាន់កំណត់ឱ្យច្បាស់ថាសំណង់ឈើនេះមានប្រភេទឈើអ្វីខ្លះ? សំណង់មានតួនាទីអ្វីប្រាកដនោះឡើយ គឺរង់ចាំការយកបំណែកឈើទៅពិសោធន៍និងសិក្សាតាមបែបវិទ្យាសាស្ត្រជាមួយអ្នកជំនាញផ្សេងៗទៀតទើបបាន ៕

Leave a Reply