ល្អទាំងរូប ល្អទាំងគំនិត! គម្រោងធ្វើស្រែទុកប្រមូលផលរួម និង ទុកចែកអ្នកក្រ ចាប់ផ្ដើមអូសគ្រាប់ពូជហើយ

តាមទំព័រហ្វេសប៊ុកផេករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីឱ្យដឹងថា គម្រោង «ស្រែសង្គម» នៅលើផ្ទៃដី ៤០ ហិកតាក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី កំពុងដំណើរការយ៉ាងរលូន ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ។

តាមការឱ្យដឹងពីលោកអភិបាលស្រុកសង្ហារូបនេះ បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមការងារបានចាប់ផ្តើមអូសគ្រាប់ពូជស្រូវដោយប្រើឧបករណ៍ Tram Seeders ២ គ្រឿង ដែលបានឱ្យខ្ចីពីមន្ទីកសិកម្មខេត្ត ក្រោយពីបានរៀបចំប្រព័ន្ធចែកចាយទឹក ដាក់ជីទ្រាប់បាត និងភ្ជួរបាន ២ ដងរួចមក ។

អ្វីៗបានដំណើរការទៅដោយរលូនតាមផែនការ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលស្រុក ដោយ រំពឹងទុកថានឹងប្រមូលផលលើកទីមួយនៅក្នុងខែ សីហា នាពេលខាងមុខ។ រាល់ការចំណាយរហូតមកដល់ពេលនេះ ត្រូវបានទទួលការឧបត្ថម្ភទាំងស្រុងពីសំណាក់អាជ្ញាធរ កំលាំងស្ម័គ្រចិត្ត និងសប្បុរសជននានា ទាំងពូជស្រូវ គ្រឿងចក្រ កំលាំងពលកម្ម និងជីទ្រាប់បាត។

ជួសមុខឱ្យប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកបន្ទាយស្រី ដែលជាគោលដៅធំជាងគេនៃគម្រោងនេះ លោកអភិបាលស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណដល់មន្ទីកសិកម្ម យុវជនសសយក និង សប្បុរសជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមគាំទ្របុព្វហេតុដ៏មានអត្ថន័យនេះ និង ធ្វើឱ្យគម្រោងនេះអាចដំណើរការទៅបានរហូតមកដល់ពេលនេះ៕

Leave a Reply