នោះថាមែនៗ រឿងធំហើយ ! ​សមត្ថកិច្ច​ និង ឃាត់ខ្លួន​ព្រះ​តេជគុណ ឡុង ចន្ថា ប្រសិនបើ​មិន​ធ្វើតាម​ការសន្យា​លាចាក​សិក្ខាបទថ្ងៃនេះ

ខេត្តតាកែវ៖ ថ្មីៗនេះ មហាជនច្បាស់ជាបានដឹងហើយអំពីព័ត៌មានបង្ហាញពីសារសំឡេងរបស់ព្រះសង្ឃព្រះនាម ឡុង ចន្ថា ដែលល្បីល្បាញខាងសម្ដែងធម៌ទេសនា វោហារកំប្លុកកំប្លែង បង្កប់អត្ថន័យអប់រំ បានផ្ញើសារសំឡេងញ៉ែញ៉ង ឆ្លងឆ្លើយ ទៅកាន់មនុស្សស្រីវ័យក្មេងម្នាក់ ដែលសកម្មភាពនេះ ក៏បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនមួយចំនួនធំ យ៉ាងចាស់ដៃផងដែរ។

បន្ទាប់ពីទទួលរងការរិះគន់យ៉ាងចាស់ដៃរួចស្រាប់តែ ព្រះសង្ឃព្រះនាម ឡុង ចន្ថា បានសម្រេចចិត្តថា​ នឹង​លាចាក​សិក្ខាបទ ដោយ​ខ្លួនឯង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ ២០២០ ក្រោយ​មានការ​បែក​ធ្លាយ វីដេអូឆាតញ៉ែ​ស្រីតាម​ហ្វេ​ស​ប៊ុ​ក​ ប៉ុន្តែស្រាប់តែមុននេះ បន្តិច សង្ឃឡុង ចន្ថា បានប្តូរចិត្តមិនសឹកវិញ ក្រោមហេតុផលមិនទាន់អស់និស្ស័យនឹងព្រះផ្នួស។

ជាមួយគ្នានេះដែរលោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដែល​ដឹកនាំ​ដោយ​លោក​ផ្ទាល់ នឹង​ចុះទៅ​វត្តភ្នំ​បូរី ដើម្បី​ធ្វើកំណត់ហេតុ និង ឃាត់ខ្លួន​ព្រះ​តេជគុណ ឡុង ចន្ថា ប្រសិនបើ​មិន​ធ្វើតាម​ការសន្យា​លាចាក​សិក្ខាបទ ដោយ​គិត​ត្រឹម​ម៉ោង​១៧​និង ៣០ នាទី​ល្ងាច​នេះ៕

Leave a Reply