ពិតជាស្វាមីល្អមែន ជា វិបុល សុខចិត្តនៅកាន់ដៃភរិយាកំពុងឈឺគេងពេទ្យ ដើម្បីផ្តល់ភាពកក់ក្តៅ

ទោះបីជាមានវ័យខុសគ្នាក៏ពិតមែន តែជីវិតគូរបស់ពិធីករ-ការិនីមួយគូនេះនៅតែផ្អែមល្ហែម និង ស្រឡាញ់គ្នាខ្លាំងគួរឱ្យសរសើរ ។ យ៉ាងណាមិញថ្មីៗនេះលោក ជា វិបុល បានបង្ហាញនូវក្តីបារម្ភដល់ភរិយាជាខ្លាំងនៅពេលអ្នកនាង គង់ សុជាតិ ឈឺគេងពេទ្យបែបនេះ ។

ថ្មីៗនេះលោក ជា វិបុល បានបង្ហាញនូវរូបភាពរួមជាមួយនឹងសារដែលមានអត្ថន័យថា «មុនពេលទៅធ្វើការ ឆាប់ជាណាអូន» ។ តាមរយៈរូបភាពទាំងនោះគេបានឃើញលោក ជា វិបុល នៅកាន់ដៃ និង ផ្តល់កម្លាំងចិត្តដល់ភរិយាអ្នកនាង គង់ សុជាតិ ដែលមើលទៅមានភាពស្លេកស្លាំងខុសពីធម្មតា ។

ក្នុងនោះក៏មានការបារម្ភ និងសួរសុខទុក្ខពីសំណាក់អ្នកគាំទ្រ និង មិត្តរួមអាជីពជាច្រើន ហើយក៏មានការចង់ដឹងថាអ្នកនាង គង់ សុជាតិ មានជំងឺអ្វីធ្ងន់ធ្ងររហូតដល់ថ្នាក់គេងពេទ្យបែបនេះដែរ? ទោះជាយ៉ាងនេះក្តី លោក ជា វិបុល មិនបានប្រាប់ថាភរិយារបស់លោកឈឺអ្វីទេ ។

ឃើញរូបភាពទាំងនេះ មានស្ត្រីមិនតិចទេស្រមៃចង់បានជីវិតគូដូចពិធីករ-ការិនីមួយគូនេះ ។ ទោះបីជារៀបការជាមួយគ្នាច្រើនឆ្នាំ និង មានកូនជាចំណងដៃក៏ពិតមែន តែជីវិតប្តីប្រពន្ធរបស់ គង់ សុជាតិ និង លោក ជា វិបុល នៅតែរឹងមាំ និង ល្អូកល្អើនមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ ៕

Leave a Reply