បាន​លឺ​ហើយ​​ ប្រាកដ​ជា​រំភើប​ចិត្តពីបំណង​ប្រាថ្នា ​របស់​ឧកញ៉ា ម៉ុង ឫទ្ធី …

បំណង​ប្រាថ្នា​​របស់​ម្ចាស់​ជំនួញ​ផ្នែក​កសិឧស្សាហកម្ម​ដ៏​ល្បី​ឈ្មោះ​នៅ​កម្ពុជា ឧកញ៉ា ម៉ុង ឫទ្ធី គឺ​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​រួច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ចង់​ឲ្យ​កម្មករ​​របស់​លោក​ស្នាក់​នៅ​ផ្ទះ​ថ្ម មាន​ប្រាក់​ខែ​លើស​ពី​៥០០ដុល្លារ ក្នុង​ពេល​ដែល​លោក​នៅ​មាន​ជីវិត។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​និយាយ​ថា៖ “ខ្ញុំ​វា​អត់​ចង់​បាន​អី​ទៀត​ទេ ចង់​ឲ្យ​តែ​ប្រជាជន​យើង​ចាក​ផុត​ពី​ភាព​ក្រីក្រ លំបាក​ខ្លាំង… ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​ប្រជាជន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស ប្រាក់​ខែ​តិច ហើយ​ហានិភ័យ​ខ្ពស់​ទេ… បើ​ថា​ទៅ ទៅ​ជា​កម្មករ​ជំនាញ ហ្នឹង​ខ្ញុំ​គាំទ្រ ប៉ុន្តែ​បើ​ទៅ​ជា​ជា​កម្មករ​កាច់​ពោត ដក​ដំឡូង​មី​ទេ ដូច​ជា​គួរ​តែ​បង្កើត​ការងារ​ក្នុង​ស្រុក​ឲ្យ​គាត់​ធ្វើ​វិញ​ល្អ​ជាង”។

យ៉ាង​ណា​ក្ដី អ្នក​ជំនួញ​ផ្នែក​កសិឧស្សាហកម្ម​រូប​នេះ បាន​អះអាង​ថា គ្មាន​នរណា​អាច​ដោះ​ស្រាយ​បញ្ហា​រួច​តែ​ម្នាក់​ឯង​ឡើយ គឺ​ត្រូវ​មាន​ការ​ចូល​រួម​សហការ​គ្នា ជា​ពិសេស​ឧកញ៉ា និង​អ្នក​មាន​ទ្រព្យ​ធន​ទាំង​ឡាយ អាច​បង្កើត​ការងារ​កាន់​តែ​ច្រើន​ដល់​ប្រជាជន ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ទៀត។

ឧកញ៉ា ម៉ុង ឫទ្ធី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជំនួញ​គ្រប់​ប្រភេទ​របស់​លោកឧកញ៉ា បាន​ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា​ប្រហែល ១ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត។ បំណង​របស់​ឯកឧត្ដម គឺ​ចង់​ឲ្យ​កម្មករ​ទាំង​អស់ ទទួល​បាន​ប្រាក់​ខែ​លើស​ពី ៥០០​ដុល្លារ នៅ​ពេល​ដែល​ឯកឧត្ដម​នៅ​មាន​ជីវិត។

“បើ​និយាយ​ពី​ប្រាក់​ខែ​កម្មករ​ឲ្យ​បាន​លើស​ពី៥០០ សម្រាប់​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត ហើយ​បើ​សិន​ណា​ជា​អាច​ធ្វើ​បាន​ដូច​ខ្ញុំ​សព្វ​ថ្ងៃ អាហារ ៣​ពេល ផ្ទះ​ថ្ម​ស្នាក់​នៅ​គ្រប់​គ្នា​ចឹង​ទៅ ហើយ​ឈឺ​មាន​ពេទ្យ​មើល មាន​វត្ត​អារាម ហើយ​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក​នោះ គឺ​ថា​មាន​គេ​បោក​ខោ​អាវ​ឲ្យ​ទៀត​ចឹង​ទៅ… គ្នា​មិន​មែន​សេដ្ឋី ក៏​មិន​មែន​អី​ដែរ ប៉ុន្តែ​ក៏​វា​គ្រាន់​បើ​មួយ​មុខ​ដែរ”។ ឧកញ៉ា ម៉ុង ឫទ្ធី លើក​ឡើង​យ៉ាង​ដូច្នេះ។​​ ទស្សនា​បទ​សម្ភាសន៍​ពិសេស​រវាង Sabay និង​ឧកញ៉ា ម៉ុង ឫទ្ធី៖

ទស្សនា​បទ​សម្ភាសន៍​ពិសេស​រវាង Sabay និង​ឧកញ៉ា ម៉ុង ឫទ្ធី៖’

Leave a Reply