បវរកញ្ញាភេទទី ៣ ថៃម្នាក់ បានសម្រេចចិត្តកែប្រែខ្លួនជាប្រុសវិញ ក្រោយអស់ចិត្តនឹងរូបរាងជាមនុស្សស្រី

នាង Trithipnipa Thippaphada ជាភេទទី ៣ ជនជាតិថៃម្នាក់ ទើបតែឈ្នះបានពានរង្វាន់ពីកម្មវិធី Miss Trans World Thailand 2019 តែយ៉ាងណាមានព័ត៌មានថានាងបានកែប្រែខ្លួនទៅជាប្រុសដែលជាភេទដើមរបស់ខ្លួនវិញ ។


បវរកញ្ញាភេទទី ៣ ថៃរូបនេះក៏បានបកស្រាយថា ខ្លួនមិនចង់ក្លាយជាបុរសសង្ហា ឬ ស្រីស្អាតអ្វីនោះទេ គឺគ្រាន់តែចង់មានភាពរីករាយក្នុងការរស់នៅ តាមរយៈការធ្វើអ្វីដែលខ្លួនស្រឡាញ់ និង ត្រូវការ ។ ម៉្យាងទៀតខ្លួនពិតជាមិនចង់ឱ្យមនុស្សគ្រប់គ្នារាប់អានខ្លួនដោយផ្អែកលើអត្តសញ្ញាណភេទរបស់ខ្លួនឡើយ ។


គួរឱ្យដឹងដែរថា កាលពីឆ្នាំ ២០១៣ Trithipnipa Thippaphada បានធ្វើការវះកាត់កែភេទទៅជាស្រី ហើយនាងក៏ទទួលបានពានរង្វាន់ជាច្រើនជាបន្ដបន្ទាប់ដូចជា Miss Trans Universe Thailand ក្នុងឆ្នាំ ២០១៤ និង ឆ្នាំ២០១៩ ក៏ឈ្នះពានរង្វាន់ម្ដងទៀតពីកម្មវិធី Miss Trans World Thailand 2019 ។


យ៉ាងណាអស់រយៈពេល ៦ ឆ្នាំ ក្រោយពីឈ្នះពានរង្វាន់ទាំងនេះហើយ Trithipnipa Thippaphada ក៏សម្រេចចិត្តកែប្រែខ្លួនត្រឡប់ទៅរកភេទដើមរបស់ខ្លួន និង បានស្លៀកពាក់ជាប្រុសវិញ ។

Trithipnipa Thippaphada បាននិយាយថា មិនមានមូលហេតុជាក់លាក់ណាមួយដែលខ្លួនធ្វើការសម្រេចចិត្តប្តូរភេទជាលើកទី ២ នោះទេ គ្រាន់តែដឹងថាខ្លួនចូលចិត្តស្លៀកសម្លៀកបំពាក់បុរស មានសក់ខ្លី និង មានភាពជឿជាក់ក្នុងរាងកាយជាបុរស ហើយបច្ចុប្បន្ន Trithipnipa Thippaphada កំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើនសាច់ដុំនៅលើដងខ្លួនរបស់គាត់ដើម្បីឲ្យក្លាយជាបុរសពិតៗ ៕

Leave a Reply