នារីម្នាក់នេះ ឈ្នះភ្នាល់ហាងឆេងក្នុងចំណោមមនុស្ស២០០លាននាក់ ដែលកើតបានកូនភ្លោះ៣នាក់ តាមវិធីធម្មជាតិ

ចក្រភពអង់គ្លេស៖ នារីម្នាក់មានឈ្មោះថា ខេធី ក្ររ វ័យ២៦ឆ្នាំ មកពីតំបន់ Pentre Maelor បានឈ្នះភ្នាល់ហាងឆេងក្នុងចំណោមមនុស្សចំនួន២០០លាននាក់នៅលើពិភពលោក បន្ទាប់ពីនាងសម្រាលបានកូនភ្លោះប្រុសចំនួន៣នាក់ តាមវិធីធម្មជាតិ។


នាងខេធី បានឲ្យដឹងថា កំឡុងពេលកំពុងពរពោះនៅសប្ដាហ៍ទី១២ ស្វាមីរបស់នាង បាននាំទៅមន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ។ ហើយនៅពេលដែលដឹងថា នាងកំពុងពរពោះកូនភ្លោះចំនួន៣នាក់ នាងរួមទាំងស្វាមី ស្ទើរតែដួលសន្លប់ទៅហើយ ព្រោះគិតថា ពួកគេនឹងត្រូវចំណាយច្រើននៅថ្ងៃអនាគត។ ម៉្យាងវិញទៀត ពួកគេក៏មានកូនប្រុសម្នាក់រួចមកហើយ ដែលពេលនេះមានអាយុ៤ឆ្នាំ។


លុះមកដល់ថ្ងៃទី៩ ខែកុម្ភៈ នាងខេធី បានឈឺពោះសម្រាលកូនតាមវិធីធម្មជាតិ ដោយកូនទី១ មានឈ្មោះថា ថមមី ទម្ងន់១.២គីឡូក្រាម សម្រាលវេលាម៉ោង៥:៥០នាទីល្ងាច, កូនទី២មានឈ្មោះថា ជូសហ៊ូ ទម្ងន់១.៤គីឡូក្រាម សម្រាលវេលាម៉ោង៥:៥១នាទីល្ងាច, កូនទី៣ ឈ្មោះថា អ៊េតឌី ទម្ងន់១.៤គីឡូក្រាម សម្រាលវេលាម៉ោង៥:៥២នាទីល្ងាច។


ក្រោយពីសម្រាលរួចមក ទារកទាំងបី ត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យកុមារមួយកន្លែង ដើម្បីតាមដានសុខភាព ហើយទារក ជូសហ៊ូ និងអ៊េតឌី បានចំណាយអស់រយៈពេលចំនួន៧សប្ដាហ៍នៅមន្ទីរពេទ្យ។ ចំណែកឯទារក ថមមីវិញ បានចេញពីមន្ទីរពេទ្យ ក្រោយបងប្អូនភ្លោះរបស់ខ្លួនរយៈពេល១០ថ្ងៃ។


បើទោះជាយ៉ាងណាក្ដី ឥឡូវនេះ ទារកភ្លោះទាំង៣ មានសុខភាពយ៉ាងល្អប្រសើរ និងបានជួបជុំជាមួយនឹងឪពុកម្ដាយវិញហើយ។ ហើយនាងខេធី រួមទាំងស្វាមី បានចាត់ទុកថា ការចាប់កំណើតកូនភ្លោះ៣នាក់របស់ពួកគេ គឺជាកាំរស្មីនៃពន្លឺព្រះអាទិត្យ ចំពេលដ៏អាប់អួនៃជំងឺកូវីដ-១៩ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply