រង្វង់មូលស្រអែមដែលកំពុងសាងសង់ និងត្រូវបានផ្ដួចផ្ដើមដោយ ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ ដោយសាងសង់យកលំនាំតាមរចនាប័ទ្មប្រាសាទព្រះវិហារនឹងអាចរួចរាល់សប្ដាហ៍ក្រោយ ឬយ៉ាងយូរពីរសប្ដាហ៍ទៀត។ នេះបើតាមលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានថ្លែងប្រាប់គេហទំព័រកម្ពុជាថ្មី។
លោកបានបន្ថែមថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនៅមិនទាន់ទទួលបានគោលការណ៍រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការនៅឡើយ ដោយសារកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ–១៩ ខណៈដំណើរការសាងសង់ជិតរួចរាល់ ១០០%ហើយ។
លោកទេសរដ្ឋមន្ត្រី មាស សុភា កាលពីពេលកន្លងមកបានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តព្រះវិហារ មន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលបានបរិច្ចាគទ្រព្យធន និងថវិកាចូលរួមកសាង សមិទ្ធផលថ្មីនេះ។
ទន្ទឹមនិងនេះលោក ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្ត និងធ្វើការណែនាំឲ្យក្រុមជាងសាងសង់ត្រូវយកចិត្តទុកដាក់ខិតខំធ្វើការ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការសាងសង់រង្វង់មូលស្រអែមនេះ បានរួចរាល់។
រចនាបថរង្វង់មូលនេះយកតាមលំនាំសំណង់យកប្រាសាទព្រះវិហារប្រមាណ ៧៥% នៃតួប្រាសាទទាំងមូល។ ចំពោះខ្ទង់ចំណាយសាងសង់មានប្រមាណជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានមកពីការចូលរួមរបស់សប្បុរសជនសុទ្ធសាធ ដោយមិនមានការចំណាយថវិការដ្ឋឡើយ។
រង្វង់មូលនេះត្រូវសាងសង់ឡើង ដោយមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អយ៉ាងស្រស់ស្អាតផងដែរ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង។
សមិទ្ធផលថ្មីនេះ បន្ទាប់ពីផ្លូវភ្លោះ និង បុស្បុកលោកតាសួង ដែលមាន លោក អ៊ុន ចាន់ដា ជាអតីតអភិបាលខេត្តផ្ដួចផ្ដើមនាពេលកន្លងមក។ ការសង់រង្វង់មូលនេះក្នុងគោលបំណងកែលំអសោភ័ណភាពទីប្រជុំជនមួយនេះឲ្យកាន់តែស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារកាន់តែច្រើនឡើង ។
រង្វង់មូលនេះបានធ្វើពិធីបែបសាសនា ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកក្រោមអធិបតីភាពលោកមាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ។ ប្រភពអត្ថបទ៖ កម្ពុជាថ្មី
