នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តឧទិសកុសល ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីស។ នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ Dr. Beat Richner បានធ្វើការបង្ហោះនារសៀលថ្ងៃមិញនេះ ។
សូមជម្រាបថា គាត់បានទទួលមរណភាព នៅវេលាម៉ោង២១ យប់ ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នាប្រទេសស្វីស ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសពនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Peter Studer បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ប្រជាជនខ្មែរ គ្រប់រូប នឹងចងចាំនូវអ្វីៗដែលលោកបានធ្វើការលះបង់ជូនប្រទេសដ៏កំសត់មួយនេះជារៀងរហូត។
