ស្របពេលដែលពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ ១៩ នៅមិនទាន់រកឃើញវ៉ាក់សាំងការពារ និងក្បួនវេជ្ជសាស្ត្រព្យាបាលត្រឹមត្រូវ ប្រទេសនីមួយៗ បានរឹតបន្តឹងការធ្វើដំណើរចេញក្រៅ ការជួបជុំ និងផ្អាកដំណើរការស្ថាប័នសំខាន់ៗជាច្រើន ។
ក្នុងនោះដែរកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់នៃជំងឺកូវីដ ១៩ ជាហេតុនាំឱ្យសាលារៀនទូទាំងប្រទេសត្រូវផ្អាកដំណើរការតម្រូវឱ្យសិស្សានុសិស្ស សិក្សានៅផ្ទះតាមទូរសព្ទ និងទូរទស្សន៍ ។ ក្រឡេកមកមើលរូបភាពប៉ុន្មានសន្លឹកនេះកំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម បង្ហាញអារម្មណ៍ក្ដុកក្ដួល ក្រោយឃើញលោកគ្រូមួយរូប បានថតការបង្រៀនដោយខ្លួនឯង មិនមានក្រុមការងារជួយថតអ្វីនោះឡើយ ។
រូបភាពទាំងនេះបានបង្ហាញអំពីទឹកចិត្តគ្រូបង្រៀនយ៉ាងធំធេងចំពោះកូនសិស្ស ដើម្បីឱ្យពួកគេបានក្លាយជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ។ យ៉ាងណាក្ដីគេមិនបានបញ្ជាក់ថា តើលោកគ្រូរូបនោះ បង្រៀននៅសាលាណា នៅខេត្តណានោះទេ ។ ដូច្នេះហើយសង្ឃឹមថាប្អូនៗនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យស័ក្ដិសមនឹងការលះបង់ ការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូផង ៕
រូបភាព៖ Admin-Special Math