ពិតជាមិនធម្មតាមែន…របរចិញ្ចឹមត្រីរបស់លោក ហាំង សេង អាចរកចំណូលបានពីចន្លោះ ១,៥ទៅ ២លានដុល្លារ ក្នុងឆ្នាំ…

មុខរបរចិញ្ចឹមត្រី ជាមុខរបរដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើង តែងតែធ្វើ ដើម្បីផ្គត់ផ្គង់លក់នៅលើទីផ្សារ និងដើម្បីទុកសម្រាប់ទទួលទាន។ លោក លី ហាំង សេង ដែលជាអ្នកចិញ្ចឹមត្រីមួយរូបបានប្រាប់ឲ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីរបស់លោក មានចិញ្ចឹមត្រីចំនួន៣ប្រភេទត្រីឆ្តោ ត្រីប្រា និងត្រីពោ ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

លោកបានប្រាប់បន្ថែមទៀតថា ប្រាក់ចំណូលដែលទទួលបានពីការចិញ្ចឹមត្រីនេះ អាចរកបានពីចន្លោះ ១,៥ទៅ២លានដុល្លារក្នុងឆ្នាំ (មិនទាន់ទូទាត់ចំណាយ)។ លោក ហាំង សេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបយ៉ាងក្បោះក្បាយថា លោកបានចាប់យករបរចិញ្ចឹមត្រីតាំងពីឆ្នាំ២០១៧ មកទល់បច្ចុប្បន្នកសិដ្ឋានពង្រីកផ្ទៃដីបាន ៥០ហ.ត មានស្រះចិញ្ចឹម១៩ ស្រះនីមួយៗ មានទំហំ ៧ ០០០ម៉ែត្រការេ ប្រើពលកម្មសរុប ៣០នាក់។

អនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសម្អាតស្រះត្រី ការដាក់កូនត្រី ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ ដែលទទួលបានពីមន្រ្តីជំនាញរបស់មន្ទីរ និងរដ្ឋបាលជលផល។

បច្ចុប្បន្ន ជាមធ្យមអាចប្រមូលផលបានពី១ ៥០០-២០០០តោន/ឆ្នាំ ទទួលបានចំណូលសរុប ១,៥-២លានដុល្លារ/ឆ្នាំ (មិនទាន់ទូទាត់ចំណាយ)។ ចេញពីកសិដ្ឋានលោក លី ហាំងសេង លោកបន្តដំណើរមកស្រះចិញ្ចឹមត្រីរបស់លោក តូ លៀងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប។


លោក តូ លៀងធឹង គាត់ចិញ្ចឹមត្រីឆ្តោជាលក្ខណ:គ្រសារ ក្នុងស្រះទំហំ៨ ៦០០ ម៉ែត្រការេ ប្រើប្រាស់ពលកម្មក្នុងគ្រួសារ និងជួលពីខាងក្រៅ។ ជាមធ្យមត្រីឆ្តោចិញ្ចឹមរយ:ពេល ៨ខែ មានទម្ងន់ ២,៥kg អាចប្រមូលផលបានជាង ៦០តោន/ឆ្នាំ ហើយក្នុង ១ឆ្នាំ គាត់អាចរកចំណូលបាន ១៨ម៉ឺនដុល្លារ (មិនទាន់ទូទាត់ថ្លៃដើម)។

ក្នុងឆ្នាំ២០១៩ ត្រីទាំងពីរប្រភេទមានទីផ្សារ និងតម្លៃល្អប្រសើរ ដែលធ្វើឲ្យពួកគាត់មានកម្លាំងចិត្តចង់ពង្រីកផលិតកម្មដើម្បីធានាបរិមាណផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញ ប៉ុន្តែបញ្ហានៅត្រង់ថាទុនវិនិយោគដែលខ្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុឯកជនមានការប្រាក់ខ្ពស់ពេក នេះបើតាមម្ចាស់កសិដ្ឋានបានលើកឡើង។

សំខាន់ជាងនេះ ខេត្តសៀមរាបជាតំបន់ទេសចរណ៍ សេចក្តីត្រូវការស្បៀង (អង្ករ ត្រី សាច់ បន្លែ ផ្លែឈើ) គឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែដោយសារស្ថានការណ៍ជំងឺឆ្លងសកលកូវីដ-១៩ ធ្វើឲ្យតម្រូវការទីផ្សារ និងតម្លៃត្រីមានការធ្លាក់ចុះពី ១ ២០០០រៀល/kg មកនៅត្រឹម ១០០០០រៀល/kg។ ពួកគាត់ទាំងពីរនាក់ សង្ឃឹម និងជឿជាក់អនាគតដ៏ខ្លី បន្ទាប់ពីស្ថានភាពជំងឺឆ្លងត្រឡប់ទៅរកស្ថានភាពប្រក្រតី ទាំងទីផ្សារនិងតម្លៃនឹងបានល្អប្រសើរជាបន្តបន្ទាប់ឡើងវិញ។

ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពប្រមូលផលត្រីទាំងពីរកន្លែងរួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត និងកាត់បន្ថយការនាំចូល ។

បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។

ឆ្លៀតយកឱកាសនេះ លោកបានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តសៀមរាប ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។

នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងឈានទៅធ្វើការកែច្នៃសាច់ត្រីហ្វីឡេដើម្បីនាំចេញ។


សូមជម្រាបជូនថា នៅទូទាំងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ មានលទ្ធភាពផ្គត់ផ្គង់ត្រីឲ្យទីផ្សារក្នុងស្រុកទាំងផលត្រីចាប់ពីប្រភពទឹកធម្មជាតិ និងពីវារីវប្បកម្ម (ចិញ្ចឹមក្នុងស្រះ ១១៥០ បែ ៨១០ និងចិញ្ចឹមក្នុងតង់ប្លាស្ទីក ៦៣) មានបរិមាណសរុប ១៧ ១៤៤តោន។

ទីផ្សារក្នុងខេត្តត្រូវការផលត្រីស្រស់ ១៣ ១៨៥តោន សល់ពីនេះសម្រាប់ធ្វើការកែច្នៃជាប្រហុក ផ្អក មាំ ត្រីងៀត ចំណីសត្វ ទឹកត្រី និងនាំចេញទៅទីផ្សារក្រៅខេត្ត។

ដោយឡែក ៤ខែដើមឆ្នាំ២០២០ នេះ ផលចាប់សរុបបានចំនួន ៤ ៦៩៤តោន ក្នុងនោះចាប់ពីបែបាន ២ ៧១០តោន (ត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រា ត្រីអណ្តែង) ចាប់ពីស្រះបាន ១ ៩៨៤តោន (ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ កង្កែប ត្រីឆ្ពិន ទីឡាព្យា)។ ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Leave a Reply