ចំណតរថយន្តដ៏ទំនើបតម្លៃ ១៦០ លានដុល្លារ នឹងសាងសង់នៅជាយក្រុងភ្នំពេញ

នៅពេលខាងមុខនេះ ​នៅជាយរាជធានីភ្នំពេញនឹងមានចំណតរថយន្ត ដ៏ធំ និង ទំនើបមួយ ដែលមានតម្លៃប្រមាណជា ១៦០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុន China Good Cars Holding Ltd ហើយការវិនិយោគចំណតរថយន្តដ៏ធំ និង ទំនើប នៅជាយក្រុងនេះគឺដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន China Good Cars Holding Ltd ចូលជួបដើម្បីីពិភាក្សា លើគម្រោងស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណជា ១៦០លាន ដុល្លារអាមេរិក នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០នេះ ។

ដោយក្នុងជំហានដំបូង ក្រុមហ៊ុនស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រមទាំងវិនិយោគ លើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុង និង ទៅបណ្តាខេត្តនានា នៅជិតៗរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ និង គាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និង សុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមក្រសួងសាធារណការ និង ដឹកជញ្ជុន ៕

Leave a Reply