កម្រងរូបភាពមួយចំនួនបានផ្ដិតយកទិដ្ឋភាពនៃប្រជាជនក្នុងប្រទេសអ៊ីតាលី បាននាំគ្នាចេញដើរពាសពេញផ្លូវ ក្រៅពីផ្ទះរបស់ពួកគេ ខណៈប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ បានឈានចូលដំណាក់កាលទី ២ នៃវិធានការបិទប្រទេសខ្លួន ។
ប្រទេសអ៊ីតាលី គឺជាប្រទេសមួយនៅអឺរ៉ុប ដែលប្រើប្រាស់វិធានការបិទប្រទេសយូរជាងគេ ដោយការចាប់ផ្ដើមបិទតាំងពីថ្ងៃទី ១០ ខែមីនាមក ។ បច្ចុប្បន្នប្រទេសមួយនេះ បានមានការបន្ធូរបន្ថយវិធានការតឹងរឹងរបស់ខ្លួន ខណៈឈានចូលដំណាក់កាលនៃវិធានការទី ២ ដោយសារចំនួនអ្នកស្លាប់ដោយកូវីដ១៩ ធ្លាក់មកទាបបំផុត ត្រឹម ១៧៤ នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ ។
បើតាមលោកនាយករដ្ឋមន្ត្រី Giuseppe Conte បាននិយាយថា នឹងអាចត្រឡប់វិវដ្តទៅសភាពធម្មតាវិញ ជាមួយនឹងដំណាក់កាលនៃវិធានការផ្សេង ។ ដំណាក់កាលថ្មីនេះ មានន័យថា មនុស្សប្រមាណ ៤.៤ លាននាក់ នឹងអាចវិលត្រឡប់ទៅធ្វើការវិញ ខណៈរោងចក្រផលិត និង ឧស្សាហកម្មសំណង់ បានបើកដំណើរការឡើងវិញ ។
បារ និង ភោជនីយដ្ឋាន ក៏បានបើកដំណើរការ សម្រាប់ការបញ្ជាទិញតាមការដឹកជញ្ជូន តែទោះជាយ៉ាងណាបណ្ដាហាងដែលមិនចាំបាច់មួយចំនួន នៅតែបន្តបិទទ្វារដដែល ។ ចំពោះប្រជាជនអ៊ីតាលី នៅតែមិនអាចចាកចេញពីតំបន់ដែលខ្លួនរស់នៅបានដដែល លើកលែងតែអ្នកដែលមានការពាក់ព័ន្ធនឹងតំបន់ផ្សេងនៃប្រទេស ដោយសាររឿងការងារ ឬការសិក្សា មុនពេលវិធានការបិទប្រទេសត្រូវបានអនុវត្ត ។
មធ្យោបាយធ្វើដំណើរសាធារណៈ គឺត្រូវបានបើកដំណើរការឡើងវិញ ប៉ុន្តែអ្នកដំណើរទាំងអស់ ត្រូវប្រាកដអនុវត្តការរក្សាគម្លាតពីគ្នា អំឡុងពេលប្រើប្រាស់វា ។ សួនច្បារផ្សេងៗបានបើកដូចគ្នា ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាអាចធ្វើការហាត់ប្រាណបាន ប៉ុន្តែនៅតែរក្សាគម្លាតពីគ្នាដដែល មិនត្រូវនៅជិតៗគ្នាឡើយ ៕