បញ្ជាក់មូលហេតុអ្នកជំងឺកូវីដ ១៩ ជនជាតិខ្មែរ ២ រូប ឈឺយូរជាងគេ តេស្ត ១០ ដងនៅតែផ្ទុកដដែល…

គិតមកត្រឹមព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ អ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជានៅសល់តែ ២ នាក់ទៀតប៉ុណ្ណោះដែលមិនទាន់ជាសះស្បើយ ដោយកម្ពុជាមិនបានរកឃើញករណីថ្មី ឬមានអ្នកស្លាប់ដោយវីរុសកូវីដ ១៩ នេះនៅឡើយទេ ។

ជាមួយគ្នានឹងការព្យាបាលវីរុសកូវីដ ១៩ នេះដែរ យោងតាមការថ្លែងរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីតសាព័ត៌មានស្តីពីកូវីដ ១៩ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា «ជួនកាលអ្នកជំងឺខ្លះមានរោគផ្សេងទៀតផ្សំ ទើបត្រូវការពេលវេលាយូរ ដូចជាអ្នកខ្លះមានជំងឺទឹកនោមផ្អែម ដែលត្រូវការពេលយូរព្យាបាល»

តាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកជំងឺកូវីដ ១៩ ចុងក្រោយទាំង ២ នាក់នៅកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មានម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យជាស្ត្រីវ័យ ៣៦ ឆ្នាំ ជនជាតិខ្មែរ ធ្វើតេស្តចំនួន ១០ ដងរួចមកហើយនិង ម្នាក់ទៀតនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជាបុរសខ្មែរអាយុ ៧៤ ឆ្នាំ

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រសិនបើមិនមានអ្នកឯកទេសគ្រប់គ្រាន់នៅក្នុងខេត្តទេ អ្នកទាំងពីរនឹងត្រូវបញ្ជូនមកភ្នំពេញ ដែលមានអ្នកមានបទពិសោធន៍ និង ឧបករណ៍បច្ចេកទេស ច្រើនក្នុងការព្យាបាល ៕

Leave a Reply