ពិតជាគួរអោយអាណិតណាស់បុរសម្នាក់ ត្រូវដេកកន្លែងប៉ូលិសចរាចរណ៍ខេត្តសៀមរាប មួយយប់ទល់ភ្លឺ ដោយសារតែគ្មានប្រាក់បង់ផាកពិន័យចំនួន៦ម៉ឺនរៀល ដោយសារមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណៈសមត្ថកិច្ចកំពុងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងក្តៅគគុក គគ្រឹកគគ្រែង។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Chea Seangkhun បានបង្ហោះកាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ថា៖ «នៅខេត្តសៀមរាបមុខស្ពានឆ្លងស្ទឹងសៀមរាបចូលទីរួមខេត្ត ពេលយប់ខ្ញុំអត់បានពាក់មួយសុត្ថិភាពលោកប៉ូលីសបានផាកខ្ញុំ៦០០០០រៀល ខ្ញុំប្រាប់បងៗប៉ូលីសថាខ្ញុំអត់បានយកលុយមកជាប់ខ្លួនទេយប់នេះ ខ្ញុំសូមតំកល់ឯកសារមួយចំនួនដូចខាងក្រោម គាត់ថាអត់ខ្វល់បើមិនមានលុយដេកណាដេកទៅ នេះសំណាងហើយខ្ញុំជាមនុស្សប្រុសអាចដេកនៅកៅអីបង់ទល់ភ្លឺបានចុះបើជាមនុស្សស្រីវិញអោយគាត់ដេកយ៉ាងម៉េចលោកប៉ូលីស»។
គណនីហ្វេសប៊ុកដដែល បន្តថា «តាមពិតឯកសាររបស់ខ្ញុំវាមានតំលៃលើស៦០០០០រៀលឆ្ងាយណាស់ តែអស់លោកពួកប៉ូលីសខេត្តសៀមរាមខ្លះវាធ្វើមិនយល់ហើយបាននិយាយថាកន្លែងប៉ុស៍ប៉ូលីសមិនមែនជាកន្លែងបញ្ចាំទេ ពេលខ្ញុំលឺបែបនេះមានអារម្មណ៍ថាឱស្រុកខ្ញុំអើយហេតុអីក៏មានមន្រ្តីបែបនេះ មិនខ្មាស់ប្រទេសជិតខាងទេអី ហើយខ្ញុំមិនដឹងថាវាប្រលងជាប់ជាមន្ត្រីយ៉ាងម៉េចទេបានវាមិនយល់»៕