ស្វាយរៀង៖ ដូចដែលបងប្អូនជ្រាបមកហើយថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាអោយកូនចៅ២នាក់ ចាប់វាយនិងវៃខ្នោះ អ្នកបើកបររ៉ម៉ក ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងផ្ទុះការតវ៉ា យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលហេតុការណ៍នេះបានកើតឡើង នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ហេតុការណ៏នេះបានធ្វើឲ្យមានការខឹងសម្បារពីប្រជាជនក្នុងភូមិ និងមានការរិះគន់ពីសំណាក់មហាជន ទូទាំងប្រទេសរួចមកថ្នាក់លើបានធ្វើការពិន័យ និងផ្អាកការងារលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តោះអាសន្នសិន នេះបើតាមការបញ្ជាក់របស់លោក ផែង វណ្ណៈ សូមអានខ្លឹមសារទាំងស្រុងរបស់លោកដូចខាងក្រោម៖
ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអោយខ្ញុំដឹងតាមទូរស័ព្ទ មុននេះបន្តិចថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិចំពោះ លោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុក ចន្ទ្រា ទទួលបន្ទុកចរាចរណ៍ ដោយបានផ្អាកការងារជាបណ្ដោះអាសន្ន បន្ទាប់ពី លោកអធិការរងរូបនេះបានអនុវត្តន៍លេីសគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំបង្ករអោយប្រជាពលរដ្ឋមានការថ្នេីងថ្នាក់ ។
សូមគាំទ្រនូវចំណាត់ការរបស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដេីម្បីពង្រឹងវិន័យមន្ត្រីក្នុងការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ ទន់ភ្លន់ ម៉ឺងម៉ាត់ ។ ជាមួយគ្នានេះដែរ សូមប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីសុវត្ថិភាពក្រុមគ្រួសារយេីង សង្គមជាតិយេីង ។