មកស្គាល់ព្រះរាជបុត្រាច្បងបំផុត នៃអង្គសម្តេចឪ ដែលប្រជារាស្រ្តខ្មែរកម្របានដឹងពីមុន

ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកផេក Royal du Cambodge បានបង្ហោះព្រះឆាយាលក្ខណ៍នៃសែរាជវង្សមួយអង្គ ដែលប្រជានុរាស្ត្រខ្មែរស្ទើរមួយនគរមិនធ្លាប់បានឃើញ និង ស្គាល់ពីមុនមកឡើយ ។

បើតាមទំព័រហ្វេសប៊ុកផេក Royal du Cambodge បានបង្ហាញថា សែរាជវង្សអង្គនេះមានព្រះនាម សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ដែលទ្រង់គឺព្រះរាជបុត្រាច្បងបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនិង ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសានមុនី និង ជាព្រះរាមបង្កើតមាតាទីទៃ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះបុត្រាមួយអង្គដែលបានរស់នៅក្នុងភាពស្ងាត់កំបាំងស្ទើរតែពុំមានអ្នកណាដឹងឡើយថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះបាទសម្តេច នរោត្តម សីហនុ ព្រោះទ្រង់មិនសូវបង្ហាញព្រះភ័ក្រ្តក្នុងព្រះរាជពិធីនានានៃព្រះបរមរាជវាំង ក៏ដូចជាមិនសូវមានព្រះសកម្មភាពអ្វីទាំងអស់ ។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ប្រសូតនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ១៩៤៣ នាព្រះមហាប្រសាទខេមរិន្រ្ទនៃព្រះបរមរាជវាំង ក្រុងចតុមុខមង្គល ។ សម្តេចព្រះបរមរាមា មានព្រះរាជបុត្រាបុត្រីចំនួន ៦ អង្គ ដោយទី១, អ្នកអង្គម្ចាស់ នរោត្តម ឆវន្តរង្ស៊ី ទី២, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម យុវធុរិយ ទី៣, អ្នកអង្គម្ចាស់ នរោត្តម វជីរ៉ាវុឌ្ឍ ទី៤, អ្នកអង្គម្ចាស់ នរោត្តម វជរិន្រ្ទ ទី៥ អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្ត ភខិណា ទី៦, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម យុវទេវី ។

គួរឱ្យដឹងដែរថា នៅឆ្នាំ ១៩៩៣ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ បានទទួលគោរមងារពីសម្តេច នរោត្តម សីហនុ ជាសម្តេចក្រុមហ្លួង នរោត្តម យុវនាថ, ឆ្នាំ ២០០៤ ទទួលបានគោរមងារពីសម្តេច នរោត្តម សីហនុ ជាសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ហើយបច្ចុប្បន្នបើតាមប្រភពមួយថា ព្រះអង្គបានគង់នៅសហរដ្ឋអាមេរិក ដោយស្ងាប់ស្ងាត់បំផុតពីកម្ពុជា ៕

Leave a Reply