ចិន និងអាមេរិកកាន់តែតានតឹងខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិក ថ្លែងគាំទ្រដោយបើកចំហ ឲ្យកោះតៃវ៉ាន់ចូលរួមក្នុងអង្គការសហប្រជាជាតិ (UN)។
ចំពោះការថ្លែងបែបនេះ ទីក្រុងប៉េកាំងបានលើកឡើងថា សហរដ្ឋអាមេរិកបានលូកលាន់ផ្តេសផ្តាស ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយទង្វើបែបនេះប្រទេសចិនជំទាស់ដាច់ខាត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។
ប្រទេសចិនទទូចឲ្យសហរដ្ឋអាមេរិក គោរពតាមគោលនយោបាយចិនតែមួយ ដោយចាត់ទុកកោះតៃវ៉ាន់ នៅតែជាដែនកោះរបស់ចិន មិនមែនជាប្រទេសឡើយ។
អ្នកនាំពាក្យចិនដដែលបានបញ្ជាក់ថា នៅលើពិភពលោកនេះ ចិនគឺមានតែមួយប៉ុណ្ណោះ ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ឬបំបែកចេញពីប្រទេសចិនបានឡើយ៕