លោក គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយបាត់មុខជាង ៣ សប្ដាហ៍

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងពិធីអបអរសាទរទិវាពលកម្ម ១ឧសភា កាលពីថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីលោកអាក់ខានក្នុងការបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាង ៣សប្ដាហ៍កន្លងមក។

ជុំវិញការបង្ហាញខ្លួនរបស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះដែរ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធរោងចក្រជី Sunchon Phosphatic ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ត្រូវគេមើលឃើញថា លោកបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប រួមទាំងប្អូនស្រីរបស់លោកគឺ អ្នកនាង គីម យ៉ូជុង ផងដែរ។

គួរឲ្យដឹងដែរថា បន្ទាប់ពីអវត្ដមានរបស់លោក គីម ជុងអ៊ុន ក្នុងការប្រារព្ធពិធីខួបអនុស្សាវរីយ៍ជីតារបស់លោកកាលពីថ្ងៃទី ១៥ ខែមេសាកន្លងទៅ មានសំណួរជាច្រើនបានចោទសួរអំពីសុខភាពរបស់លោក។ តែយ៉ាងណាមិញ ពាក់ព័ន្ធនឹង​ស្ថានភាពសុខភាពរបស់​លោក និងមូលហេតុនៃ​ការ​បាត់មុខ​​ជាង ៣សប្ដាហ៍មកនេះ គឺមិនត្រូវបាន​រាយការណ៍នោះទេ។

គួររម្លឹកថា មេដឹកនាំវ័យ ៣៦ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីថ្ងៃ ដែលលោកបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់គណបក្ស ដែលលោកកំពុងកាន់អំណាចកាលពីថ្ងៃទី ១១ ខែមេសាមក នេះបើយោងតាមសារព័ត៌មាន New York Post ៕ ប្រភពៈ CNN
សូមទស្សនារូបភាពលម្អិតខាងក្រោម៖

Leave a Reply