អ្នកភូមិព្រៃផ្តៅ នាំគ្នាសម្រុកទៅដកផ្សិតផ្ចាក់លក់ ព្រោះវាមានតម្លៃជាង ៣ ម៉ឺនរៀលក្នុងមួយគីឡូ

ឱ្យតែរដូវនេះចូលមកដល់ នៅពេលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ គេតែងតែសង្កេតឃើញប្រជាពលរដ្ឋ នៅក្នុងភូមិព្រៃផ្តៅ សង្កាត់បាទី ក្រុង បាវិត ខេត្តស្វាយរៀងបានដាក់លក់ផ្សិតផ្ចាក់ជាហូរហែ នៅតាមដងផ្លូវ ដែលផ្សិតទាំងនោះគឺពួកគាត់ បានទៅដកមកពីព្រៃផ្ចាក់ និង ចម្ការប្រេងខ្យល់ នៅក្បែរៗស្រុកភូមិរបស់ពួកគាត់ ។

នៅឆ្នាំនេះ តម្លៃផ្សិតផ្ចាក់បានហក់ឡើងខ្ពស់ បានធ្វើឱ្យប្រជាពលរដ្ឋនៅសង្កាត់បាទី ក្រុងបាវិតបាននាំគ្នាសម្រុកទៅដកដើម្បីយកមកលក់ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ដោយឆ្នាំនេះ ផ្សិតផ្ចាក់ មានតម្លៃចន្លោះពី ២១ ០០០ ទៅ ២៩ ០០០រៀលក្នុង១គីឡូក្រាម ហើយមានថ្ងៃខ្លះ ពួកគាត់អាចលក់បានរហូតដល់ទៅជាង ៣២ ០០០រៀលក្នុង១គីឡូក្រាមក៏មានដែរ ។

ប្អូនស្រី ណារី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃផ្ដៅ សង្កាត់បាទីបានប្រាប់អ្នកយកព័ត៌មានរបស់យើងថា « ឱ្យតែដល់រដូវធ្លាក់ភ្លៀង ចូលមកដល់ គឺប្រជាពលរដ្ឋនៅស្រុកភូមិនេះបាននាំគ្នាទៅដកផ្សិតផ្ចាក់នេះ ដោយមានអ្នកខ្លះបានក្រោកតាំងពីម៉ោង ២ ឬ ៣យប់ទៅដកផ្សិតនេះ ព្រោះខ្លាចគេទៅដកអស់

ដោយសារតែឥឡូវនេះ មានអ្នកទៅដកផ្សិតច្រើន ហើយផ្សិតក៏មិនសូវសម្បូរដូចកាលពីពេលមុនដែរ ដូច្នេះធ្វើឱ្យផ្សិតផ្ចាក់នេះ មានតម្លៃខ្ពស់ជាងបណ្តាឆ្នាំមុនៗ។ កាលពីឆ្នាំកន្លងទៅ ផ្សិតផ្ចាក់មានតម្លៃមិនដល់ ២ម៉ឺនរៀលនោះទេក្នុង១គីឡូក្រាម ប៉ុន្តែនៅឆ្នាំនេះ បានហក់ឡើងរហូតដល់ទៅជិត ៣ម៉ឺនរៀលក្នុង១គីឡូក្រាម »។

ប្អូនស្រី ណារី បានបន្តទៀតថា « ជារៀងរាល់ថ្ងៃ នៅវេលាម៉ោងជិត៣ទៀបភ្លឺ ខ្ញុំ និង បងប្អូនរបស់ខ្ញុំ២នាក់ទៀត បាននាំគ្នាក្រោកទៅដកផ្សិតផ្ចាក់នេះ នៅក្នុងសហគមន៍ព្រៃកូនគរគី រហូតដល់ភ្លឺ ទើបឈប់ នៅពេលដកសមល្មមអាចលក់បាន ពួកខ្ញុំបានយកវាមកដាក់លក់ឱ្យអ្នកធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ១នេះ គ្រាន់បានចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារខ្លះ ។ ក្នុង១ថ្ងៃៗ បើសរុបទាំងបីនាក់បងប្អូនគឺអាចដកបានពីចំនួន ៦ ទៅ ៧ គីឡូក្រាមដែរ »។

ផ្សិតផ្ចាក់នេះ មានរសជាតិល្វីងតិចៗ ប៉ុន្តែល្វីងឆ្ងាញ់ ហើយអ្នកខេត្តស្វាយរៀងចូលចិត្កបរិភោគមុខម្ហូបផ្សិតផ្ចាក់នេះខ្លាំងណាស់ ។ គេអាចយកវាទៅធ្វើមុខម្ហូបអ្វីក៏បានដែរ ជាពិសេសគឺឆាជាមួយសាច់គោ សាច់ជ្រូក ស្ងោរជាមួយឆ្អឹងជំនីខ្ចី និង អាចធ្វើមុខម្ហូបបានជាច្រើនទៀត ទៅតាមតម្រូវការ ៕

Leave a Reply