ឃើញវីដេអូនេះបានដឹងថា ពៅ បញ្ញាពេជ្រ ខំតស៊ូខ្លាំងបំផុតក្នុងជីវិតពិការមួយនេះ

អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ បានដិតដាននឹងអតីតកាលដ៏តក់ស្លុតរន្ធត់ចិត្តមួយ ដោយកាលពីឆ្នាំ ២០០៧ កន្លងទៅ នាងត្រូវបានគេលបលួយបាញ់ប្រហារបំណងផ្តាច់ជីវិតតែមិនបានសម្រេច បានបណ្តាលឱ្យនាងរងរបួសធ្ងន់ និង បានធ្លាក់ខ្លួនពិការរស់ក្នុងភាពលំបាកលំបិនអស់ជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មកដល់បច្ចុប្បន្ននេះ មានរយៈពេល ១៣ ឆ្នាំមកហើយដែលអតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ បានរស់នៅក្នុងជីវិតជាជនពិការទាំងលំបាកលំបិន តែយ៉ាងណាចុងក្រោយនេះ គេបានកត់សំគាល់ឃើញនាងមានសុខភាពល្អប្រសើរ និង ហាក់ស្រស់ស្រាយច្រើនជាងពេលមុន ហើយជារៀងរាល់ថ្ងៃគេតែងតែឃើញអតីតតារាចម្រៀងស្រីរូបនេះ បង្ហោះរូបភាព និង ពេលខ្លះនាងថែមទាំងបកស្រាយបទចម្រៀងជូនមហាជនស្តាប់តាមហ្វេសប៊ុកថែមទៀតផង ។

ពិតណាស់បើទោះបីជាអតីតតារាចម្រៀងស្រីរូបនេះ ហាក់មើលទៅមានសុខភាពកាន់តែប្រសើរឡើងក្តី ប៉ុន្តែនាងនៅតែរស់ក្នុងភាពពិការនេះដដែល ។ ទោះជាយ៉ាងនេះក្តីក៏នាងមិនបានបោះបង់ក្តីស្រមៃតស៊ូក្នុងជីវិតដែរ ដោយនាងបានខិតខំព្យាយាមហាត់ប្រាណជាមួយវិធីជាច្រើនជំរុញឱ្យនាងកាន់តែមានភាពរឹងមាំ ដើម្បីអាចដើរបាន ។

កន្លងមក ពៅ បញ្ញាពេជ្រ ធ្លាប់បានឱ្យដឹងថា កាលពីនាងរស់នៅប្រទេសថៃទោះនាងមិនអាចដើរបានមែន ប៉ុន្តែនាងអាចហាត់ប្រាណបាច្រើនវិធី ក្រោយមកដោយសាររឿងមួយគឺគេធ្វើឱ្យនាងបាក់ឆ្អឹងជើង ទើបនាងមិនអាចហាត់បានច្រើនយ៉ាងដូចដើម ហើយពេលនេះបើចង់ហាត់ឈរក៏ឈរមិនបាន ឈឺតែទ្រាំ ទ្រាំទាំងលំបាក ។

បើតាមរូបភាពដែលអតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ បានបង្ហាញនេះ ពិតណាស់ថាបានធ្វើមហាជនស្រណោះអាណិតអាសូរនាង ដោយនាងបានខិតខំតស៊ូរស់យ៉ាងខ្លាំងក្នុងជីវិតជាជនពិការនេះ ដោយនាងនៅតែចិញ្ចឹមចិត្តថានាងនៅថ្ងៃណាមួយ នាងអាចដើរបាន និង មានកាយសម្បទាវិលមកដូចដើមវិញ ។

គួរបញ្ជាក់ដែរថា ពៅ បញ្ញាពេជ្រ បានទទួលរងការបាញ់ប្រហារពីសំណាក់ឧក្រិដ្ឋជនពីររូបកាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ កន្លងទៅ ខណៈពេលដែលនាងកំពុងដើរចេញពីរថយន្តសំដៅទៅសាលារៀនភាសាអង់គ្លេសមួយនៅម្តុំផ្សារតាប៉ាង ។

ក្រោយពីឃាតកបាញ់ប្រហារ ពៅ បញ្ញាពេជ្រ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ រួចបញ្ជូនបន្តទៅប្រទេសវៀតណាម តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ចុងក្រោយនាងត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ៕ សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply